
ឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាល រយៈពេលជាង៣ខែ នៅទីបំផុត កម្មវិធី Freshie Contest 2012 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃសុក្រ ទី២០ មេសា ដោយជ្រើសបាន Freshie Girls ៥រូប Freshie Boys ៥រូប ជាជ័យលាភីប្រចាំឆ្នាំ ក្នុងនោះចំណាត់ថ្នាក់លេខ១ Freshie Girl បានទៅលើកញ្ញាជា ម៉ារី និង Freshie Boy ចំណាត់ថ្នាក់លេខ១ បានទៅលើលោកហេង សំណាង។
ស្រីស្រស់ប្រុសសង្ហាទាំង២ បានអះអាងថា នឹងត្រៀមហក់ចូលប្រឡូកក្នុងវិស័យសិល្បៈ ឆាប់ៗនេះ ដើម្បីបញ្ចេញស្នាដៃ ទេពកោសល្យ...។
កាលពីរាត្រីថ្ងៃទី២០ មេសា ក្នុងវេទិកាប្រលង Freshie ជំនាន់ទី១១ ផ្តាច់ព្រ័ត្រ មានបេក្ខជនខ្លះ បានសប្បាយ ខ្លះទឹកភ្នែក នៅពេលប្រកាសអ្នកជាប់ចំណាត់ថ្នាក់។
នៅទីបំផុត កម្មវិធី Freshie Contest 2012 ជ្រើសបាន Freshie Girls ៥រូប មានលេខ១ កញ្ញាជា ម៉ារី, លេខ២ ស៊ី សុខខារាឌី, លេខ៣ រ័ត្ន កនីកា, លេខ៤ ភិន វណ្ណនីកា និងលេខ៥ ឈាន ស្រីលីន។ ចំណែកFreshie Boys ទាំង៥រូប មានលេខ១ ហេង សំណាង, លេខ២ វង់ វិចិត្រ, លេខ៣ ស្រេន វុធថា, លេខ៤ សុខ វីរៈ និងលេខ៥ យ៉ា ខន្តិកូ។
កញ្ញាជា ម៉ារី (Freshie Girl លេខ១) ៖
កញ្ញាជា ម៉ារី អាយុ១៥ឆ្នាំ កម្ពស់១,៦៦ម៉ែត្រ ទម្ងន់៤៥គ.ក្រ ជាសិស្សរៀនថ្នាក់ទី១០ វិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ មានឪពុកឈ្មោះជា ពុទ្ធី ម្តាយឈ្មោះជា ចាន់នី (ជាអ្នករកស៊ី) មានបងប្អូន ២នាក់ (ស្រី១) ជាកូនច្បង ស្រុកកំណើតនៅរាជធានីភ្នំពេញ។ ជា ម៉ារី មានដងខ្លួនខ្ពស់ស្រឡះ ហើយក្រៅពីទទួលបានចំណាត់ថ្នាក់លេខ១ នាងទទួលបានជាកញ្ញាឯក Pure’n Freshie, កញ្ញាឯក Giordano, Freshie ថតរូបស្អាត និងFreshie បុគ្គលិកលក្ខណៈល្អផងដែរ។
នៅវគ្គផ្តាច់ព្រ័ត្រ ស្រីស្រស់បានចាប់ប៉ះសំណួរ ថា ប្រសិនបើមានឱកាសធ្វើជាគ្រូបង្រៀន១រូប តើ មុខវិជ្ជាអ្វីដែលប្អូនជ្រើសរើសបង្រៀន?
កញ្ញាជា ម៉ារី បានឆ្លើយថា “ខ្ញុំនឹងជ្រើសយក មុខវិជ្ជាវប្បធម៌ អរិយធម៌ខ្មែរ ទៅបង្រៀន ព្រោះតែចង់ផ្សព្វផ្សាយ អភិរក្សវប្បធម៌ប្រពៃណីខ្មែរ និងឱ្យប្អូនៗជំនាន់ក្រោយ ចេះស្រលាញ់ និងចងចាំពីតម្លៃ វប្បធម៌ខ្មែរ”។
ស្រីក្មេងរូបស្រស់ ក៏បានឱ្យដឹងដែរថា នាងគិតថា វេទិកានេះ នឹងជួយឱ្យនាងបានសម្រេចបំណងការ ហក់ចូលប្រឡូកក្នុងសិល្បៈ បានដូចក្តីស្រមៃ ជាមិនខាន ហើយនាងបានតាំងចិត្ត ជាមុនហើយថា អត់ខ្លាចប៉ះ ជំពប់រឿងអាស្រូវស្នេហាអ្វីឡើយ ព្រោះសំខាន់លើខ្លួនឯង។
ម៉ារី បានបន្តថា “ឥឡូវ ខ្ញុំគ្មានសង្សារ ទេ ព្រោះតែនៅក្មេង គិតពីការរៀនសូត្រសិន។ ប៉ុន្តែ បើឱ្យជ្រើសទៅថ្ងៃក្រោយ ខ្ញុំចង់បាន មនុស្សប្រុសចេះទទួលខុសត្រូវ មានចំណេះដឹង ហើយស្រលាញ់ ខ្ញុំ និងគ្រួសារ រឿងទ្រព្យ អាចរកបាននៅពេលក្រោយ។ ខ្ញុំរំភើបណាស់! ដែលបានគ្រងតំណែង Freshie Girl លេខ១ ប្រចាំឆ្នាំ២០១២នេះ ហើយសន្យាថា នឹងធ្វើអ្វីៗល្អៗ ដើម្បីឱ្យប្អូនៗជំនាន់ក្រោយ យកគំរូតាម”។
លោកហេង សំណាង (Freshie Boy លេខ១) ៖
លោកហេង សំណាង មានអាយុ១៩ឆ្នាំ កម្ពស់ ១,៧៦ម៉ែត្រ ទម្ងន់៦៤គ.ក្រ ជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ឆ្នាំទី២ ផ្នែក IT (Information Technology) មានឪពុកឈ្មោះប្រាក់ ហៀក ម្តាយឈ្មោះលួន ហេង (ជាអាជីវករ) មាន បងប្អូន ៦នាក់ (ស្រី៣) ជាកូនពៅ ស្រុកកំណើតនៅខេត្តកំពង់ចាម។
ក្រៅពីបានគ្រងតំណែងជា Freshie Boy លេខ១ ប្រចាំឆ្នាំ២០១២ ហេង សំណាង បានជាប់ជាកំលោះឯក Wuttisak, កំលោះឯក Giordano, KMA និងជា Freshie ដែលថតរូបស្អាតផងដែរ។
នៅថ្ងៃប្រកួតវគ្គចុងក្រោយនោះ ហេង សំណាង បានជ្រើសប៉ះសំណួរថា ប្រសិនបើមិត្តភក្តិប្អូនញៀនគ្រឿងញៀន តើប្អូនមានវិធីណាជួយគេ?
ហេង សំណាង បានឆ្លើយថា ខ្ញុំនឹងព្យាយាមណែនាំគេ ទៅហាត់ប្រាណ ឬស្តាប់តន្ត្រី ហើយឱ្យគេភ្លេច និងបញ្ឈប់ការប្រើប្រាស់ គ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញអនាគតខ្លួនឯង និងក្រុមគ្រួសារ អ៊ីចឹងនឹងរកវិធីអូសទាញ ពន្យល់គេឱ្យបញ្ចប់ទង្វើនោះឱ្យទាល់តែបាន”។
ហេង សំណាង បាននិយាយដោយរំភើបថា “ខ្ញុំ មិននឹកស្មានថា បានជាប់ជា Freshie Boy លេខ១ ទេ ព្រោះបេក្ខជនដែលបានចូលរួមទាំងអស់ សុទ្ធតែមានសមត្ថភាព ហើយស្រស់ស្អាតប្រហាក់ប្រហែលគ្នាដែរ តែនៅពេលគណៈកម្មការប្រកាសថា ខ្ញុំឈ្នះ ខ្ញុំមានអារម្មណ៍រំភើប សប្បាយចិត្តខ្លាំងណាស់! បើ មានឱកាស ថ្ងៃក្រោយ ខ្ញុំក៏ចង់ក្លាយជាតារាសម្តែង ម្នាក់ដែរ ព្រោះស្រលាញ់ខាងហ្នឹង យូរហើយ តែខ្ញុំ មិនភ្លេចការសិក្សាទេ ហើយមានបំណងចង់ក្លាយជាអ្នកសរសេរ Program Computer ទៀតផង ព្រោះខ្ញុំ មានជំនាញ IT។ ដោយឡែក រឿងស្នេហា ខ្ញុំមិនទាន់មានសង្សារទេ តែថ្ងៃក្រោយទៅ ចង់បានមនុស្សស្រីម្នាក់ មានចរិយាល្អ ចេះយោគយល់គ្នា មិនសំដៅទ្រព្យ ជាធំទេ តែស្វែងរកនារីម្នាក់ដែលជាមេផ្ទះដ៏ល្អ”។
លោកបុណ្យកើដ អាំងអាំនួនសិរិ ប្រធានក្រុមហ៊ុន BKA និងជាអ្នករៀបចំកម្មវិធី Freshie Contest បានប្រាប់ថា “នេះជាឆ្នាំទី១១ ហើយ ក្នុងវេទិកាប្រកួត Freshie យើងមានការខិតខំប្រឹងប្រែងណាស់ ពី១ឆ្នាំ ទៅ១ឆ្នាំ។ ដោយឡែក ឆ្នាំនេះ មានបេក្ខជនកើនជាង ឆ្នាំមុន ២០% ហើយ Freshie ដែលជ្រើសរើសបានទាំង ១០រូបនេះ នឹងជាប់កុងត្រាជាមួយក្រុមហ៊ុន BKA រាល់ការថតខារ៉ាអូខេផ្សេងៗ ទាល់តែមានការអនុញ្ញាតពីក្រុមហ៊ុនសិន។ កម្មវិធីនេះ មានគោលបំណងឱ្យប្អូនៗ ស្វែងយល់ពីវប្បធម៌ ប្រពៃណីខ្មែរ ក៏ដូចជាសាមគ្គីភាព ហើយពិសេស អាចសម្រេចបំណងបាន ខាងចូលសិល្បៈ ព្រោះមានFreshie ជាច្រើនណាស់ បាន ក្លាយទៅជាតារាល្បីៗ នាពេលបច្ចុប្បន្ន។ ជ័យលាភីទាំងនេះ គ្មានបក្សពួកខ្សែអីទេ ព្រោះយើងមាន គណៈកម្មការវាយតម្លៃច្បាស់លាស់ ទៅលើសមត្ថភាព Freshie មុននឹងឱ្យចំណាត់ថ្នាក់។ ឆ្នាំ២០១៣ យើង នឹងរៀបចំឱ្យមានវេទិកានេះជាបន្តទៀត”៕
ព័ត៌មានតារាសម្តែងខ្មែរផ្សេងៗ...
ពេជ្រ ច័ន្ទបូរមី បើកក្រុមហ៊ុនសន្តិសុខ
(24 ឧសភា 2013, 16:41:09) |
កែវ ពេជ្រពិសី ខ្លាចចិត្តមន្ត្រីធំ
(24 ឧសភា 2013, 07:04:20) |
ស្រីតូច ចំណាន ល្បីទិញវីឡា នៅសាំងហ្គាពួរ
(24 ឧសភា 2013, 06:20:34) |
កែវ ស្រីនាង មិនផ្លាស់ប្តូរដៃគូ
(24 ឧសភា 2013, 00:45:01) |
អឿន ល័ក្ខលីតា តួឯក “បេះដូងក្របី”
(23 ឧសភា 2013, 23:49:36) |
វ៉ាង ស្រីណូ ណាត់ជួបសង្សារនិស្សិត
(20 ឧសភា 2013, 00:18:05) |
រតនៈ វិសិដ្ឋ បដិសេធប្រុសជប៉ុន ឧបត្ថម្ភ
(19 ឧសភា 2013, 23:53:50) |
ម៉ាក សែនសូនីតា ល្បីស្រឡាញ់ស្រីដូចគ្នា
(15 ឧសភា 2013, 21:25:12) |
តារាស្រី ៥ដួង ម្តាយតាមការពារ
(15 ឧសភា 2013, 01:17:21) |
ខេនឌី សង់វីឡា ២៣ម៉ឺនដុល្លារ
(13 ឧសភា 2013, 23:48:47) |


































